ការរៀបចំពេលវេលារបស់ព្រះអម្ចាស់
នៅឆ្នាំ២០០៥ ខ្ញុំបានទៅលេងព្រះវិហាររបស់លោកគ្រូគង្វាល អូដលេយ ប្លេក(Audley Black) ដែលមានទីតាំងជិតឆ្នេរសមុទ្រខាងត្បូង នៃប្រទេសចាម៉ៃកា(Jamaica)។ កាលនោះ ពួកគេបានចាប់ផ្តើមកម្មវិធីសង់ពង្រីកកន្លែងថ្វាយបង្គំរបស់ពួកគេ។ ជារៀងរាល់ពេលដែលខ្ញុំបានត្រឡប់ទៅទីនោះវិញ ខ្ញុំបានកត់សម្គាល់ឃើញថា ដំណើរការសាងសង់របស់ពួកគេ មានការរីកចម្រើនទៅមុខបន្តិចម្តងៗ។
ទោះគម្រោងសាងសង់នេះ បានដំណើរការអស់ជាច្រើនឆ្នាំ ទំរាំតែបានចប់សព្វគ្រប់ក៏ដោយ ក៏ពួកគេនៅតែមិនមានការខកចិត្តដែរ! ព្រោះលោកគ្រូគង្វាលប្លេក(Black) និងពួកជំនុំរបស់គាត់មានការអត់ធ្មត់ ចំពោះពេលវេលាដែលព្រះអម្ចាស់បានរៀបចំ ហើយពួកគេមានចិត្តរំភើបរីករាយ ចំពោះការអ្វីដែលទ្រង់កំពុងតែធ្វើ។
ជាញឹកញាប់ យើងច្រើនតែខ្វះការអត់ធ្មត់។ យើងចង់ឲ្យពួកជំនុំរីកលូតលាស់ យ៉ាងឆាប់រហ័ស យើងចង់ឲ្យក្រុមយុវជនរបស់យើង ឆាប់មានភាពពេញវ័យខាងវិញ្ញាណ ហើយយើងចង់ឲ្យបញ្ហាទាំងអស់ ដែលយើងមាន ត្រូវបានដោះស្រាយនៅថ្ងៃនេះតែម្តង។
ប្រហែលជាយើងចាំបាច់ត្រូវចាំថា ក្នុងរឿងខ្លះ យើងត្រូវការពេលវេលា គឺពេលវេលាដែលព្រះបានកំណត់។ ជាតួយ៉ាង នៅពេលដែលពួកសាសន៍អ៊ីស្រាអែលបានចាកចេញពីនគរអេស៊ីព្ទ ព្រះបានដឹកនាំពួកគេទៅកាន់ទឹកដីសន្យា តាមផ្លូវដ៏វែងឆ្ងាយ(និក្ខមនំ ១៣:១៧-១៨)។ ហើយក្នុងពេលនោះ ព្រះអម្ចាស់បានរៀបចំពួកគេ បង្រៀនពួកគេ និងល្បងលពួកគេ។
ក្នុងសម័យជឿនលឿននៃពិភពលោកសព្វថ្ងៃ យើងតែងតែចង់ឲ្យការអ្វីគ្រប់យ៉ាងសម្រេចភ្លាមៗ។ ប៉ុន្តែ ជួនកាល ព្រះអម្ចាស់មិនមានផែនការយ៉ាងដូចនោះឡើយ។ ដូចនេះ ចូរយើងស្វែងរកជំនួយពីព្រះអម្ចាស់ ហើយរៀនសម្របខ្លួនតាមការរៀបចំពេលវេលារបស់ទ្រង់។—Dave Branon
តើខ្ញុំត្រូវដើរផ្លូវមួយណា?
សូមយើងពិចារណា អំពីការចាប់គូរពិភាក្សារវាងមនុស្សពីរនាក់ដែលមានកម្រឹតបញ្ញាផ្សេងគ្នា តាមរបៀបដ៏អាក្រក់បំផុតមួយ។ ឧបម៉ាថា យើងឲ្យលោកអាល់បឺត អាញស្តាញ(Albert Einstein)ដែលជាអ្នកប្រាជ្ញ ទៅអង្គុយក្នុងបន្ទប់ ជាមួយជាកូនសិស្សថ្នាក់ទីមួយ ដើម្បីជជែកវែកញែកពីទ្រឹស្តីនៃទំនាក់ទំនងរូបធាតុ តើនឹងមានរឿងអ្វីកើតឡើង? ចុះបើយើងឲ្យលោកលោកចច វ៉ាស៊ីនតុន ខាវ័រ(George Washington Carver) ជជែកវែកញែកគ្នាជាមួយសិស្សអនុវិទ្យាល័យ អំពីជីវគីមីវិស្វកម្មវិញ តើយ៉ាងម៉េចដែរ។
ការចាប់គូមនុស្សពីរនាក់ ឲ្យជជែកដេញដោល តាមរបៀបខាងលើនេះ គឺជាទង្វើដ៏ល្ងង់ខ្លៅ។ ព្រោះថា អ្នកម្នាក់ជាកំពូលអ្នកប្រាជ្ញ រីឯម្នាក់ទៀតមានការយល់ដឹងតិចពេក ឬមិនយល់ទាល់តែសោះអំពីប្រធានបទនៃការពិភាក្សា។
យ៉ាងណាមិញ បើសិនជាយើងចង់ឲ្យព្រះអម្ចាស់ទៅ ជជែកដេញដោយជាមួយមនុស្សណាម្នាក់ ដែលមិនយល់ស្របចំពោះផែនការណ៍ ដែលទ្រង់មានសម្រាប់មនុស្សជាតិ នោះមានន័យថា យើងកំពុងតែចង់ចាប់គូរពិភាក្សាខុសហើយ! ប៉ុន្តែ ជាញឹកញាប់ យើងឮគេព្យាយាមបកស្រាយ អំពីប្រាជ្ញាដ៏គ្មានគូរប្រៀបរបស់ព្រះ ដោយលើកឡើងថា ផ្លូវរបស់ពួកគេ ល្អជាងផ្លូវរបស់ព្រះទៅវិញ។
ខ្ញុំធ្លាប់ទទួលសំបុត្រពីអ្នកទោសម្នាក់ ដែលគាត់បានសរសេរប្រាប់ខ្ញុំថា “ខ្ញុំដើរដល់ចំណុចមួយ ក្នុងផ្លូវជីវិត ដែលនៅទីបំផុត ខ្ញុំបានទទួលស្គាល់ការពិតថា ព្រះពិតជាមានមែន ហើយទ្រង់ជាព្រះអទិករដែលបង្កើតអ្វីៗទាំងអស់។ ខ្ញុំនឿយណាយនឹងការខំប្រព្រឹត្ត តាមផ្លូវរបស់ខ្ញុំ។ ពេលខ្ញុំចាប់ផ្តើមបន្ទាបខ្លួន ហើយទទួលព្រះបន្ទូលទ្រង់ ខ្ញុំក៏បានរកឃើញចម្លើយនៃជីវិត”។
តើយើងល្ងង់ដល់កម្រិតណា ពេលយើងបដិសេធផែនការណ៍សង្រ្គោះរបស់ព្រះ ដោយសារយើងយល់ថា យើងចេះជាងទ្រង់នោះ! មានតែការទទួលជឿព្រះគ្រីស្ទ ដើម្បីឲ្យបានការ…
ឈ្មោះដែលគេដាក់ឲ្យ
បើមាននាមឈ្មោះណាមួយ ដែលពិសេសសម្រាប់យើង តើពិសេសដោយសារមូលហេតុអ្វីខ្លះ? ខ្ញុំចាប់ផ្តើមគិតអំពីសំណួរនេះ បន្ទាប់ពីខ្ញុំបានជជែកជាមួយក្មេងស្រីជំទង់ម្នាក់ ខណៈពេលយើងឈរខាងក្រៅព្រះវិហារ នៅទីក្រុងប្លេក រីវើ(Black River) ប្រទេសចាម៉ៃកា នាព្រឹកថ្ងៃអាទិត្យមួយ។ កាលនោះ នាងបានសួរខ្ញុំថា “តើអ្នកអាចដាក់ឈ្មោះខ្ញុំ ក្នុងសៀវភៅនំម៉ាណាប្រចាំថ្ងៃបានទេ?” ខ្ញុំក៏សួរនាងវិញ ក្រែងលោនាងមានរឿងមួយ សម្រាប់ចែកចាយក្នុងសៀវភៅនោះ។ រួចនាងឆ្លើយតបថា “ខ្ញុំមិនមានរឿងសម្រាប់ចែកចាយទេ ខ្ញុំគ្រាន់តែចង់ឲ្យលោកសរសេរឈ្មោះខ្ញុំក្នុងសៀវភៅនោះទៅបានហើយ”។
កាលណាខ្ញុំគិតដល់សំណើ និងឈ្មោះរបស់នាង ខ្ញុំឆ្ងល់ណាស់ថា តើហេតុអ្វីបានជាឪពុកម្តាយរបស់នាងដាក់ឈ្មោះនាងថា “ចូយ៉េត”(Joyeth)។ ដោយសារនាងមានចរិយ៉ាសម្បត្តិរីករាយ នោះខ្ញុំក៏បានសន្និដ្ឋានថា បានជាឪពុកម្តាយរបស់នាងដាក់ឈ្មោះ ដែលមានន័យថា អំណរដូចនេះ គឺដោយសារពួកគេចង់ឲ្យនាងមានអំណរក្នុងជីវិត ហើយខ្ញុំឃើញថា ពួកគេក៏បានសមដូចបំណងហើយ។
ឪពុកម្តាយភាគច្រើនបានជ្រើសរើសឈ្មោះ ដាក់ឲ្យកូនទើបនឹងកើត តាមរបៀបនេះផង ដែរ។ ប៉ុន្តែ មានទារកតូចមួយបានទទួលព្រះនាម តាមរបៀបដែលខុសប្លែកពីនេះយ៉ាងខ្លាំង។ ឪពុកម្តាយនៃទារកនោះ មិនបានជ្រើសរើសឈ្មោះដាក់ឲ្យទ្រង់ទេ ហើយការដាក់ឈ្មោះនោះ ក៏មិនមែនក្នុងគោលបំណង ដើម្បីធ្វើឲ្យទារកនោះធំឡើងមានលក្ខណៈសម្បត្តិ សមស្របតាមនាមនោះដែរ។ ត្រង់ចំណុចនេះ ខ្ញុំកំពុងនិយាយសំដៅទៅលើព្រះ ដែលបានប្រសូត្រជាមនុស្ស ហើយព្រះនាមទ្រង់ត្រូវបានដាក់ឲ្យ ពេលទេវតាលេចមកប្រាប់ឪពុកម្តាយទ្រង់ ឲ្យថ្វាយព្រះនាមថា “យេស៊ូវ”(ម៉ាថាយ ១:២១)។ តើហេតុអ្វី? “ព្រោះទ្រង់នឹងសង្រ្គោះរាស្រ្តទ្រង់ឲ្យរួចពីបាប”។ គ្មានអ្វីគួរឲ្យឆ្ងល់ទៀតទេ ព្រះនាមរបស់ទ្រង់ខ្ពង់ខ្ពស់លើអស់ទំាងនាម(ភីលីព ២:៩)។…
ជីវិតកាន់តែវេទនា
នៅខែសីហាឆ្នាំ២០០៩ លោកប្ល៊ែរ(Blair) និងអ្នកស្រីរ៉ូណា ម៉ាទីន(Ronna Martin)បានបាត់បង់កូនប្រុសអាយុ៩ឆ្នាំ ឈ្មោះម៉ាទី(Martti)ដោយសារតែគោជាន់ស្លាប់។ ក្រោយមក ខ្ញុំក៏បានមានឱកាសជួបគ្រួសារមួយនេះ នៅតំបន់ខេនណៃ ក្នុងរដ្ឋអាឡាស្កា ហើយក៏បានចូលរួមរំលែកទុក្ខផងដែរ។
ខ្ញុំដឹងថា សោកនាដកម្មនេះមានសភាពធ្ងន់ធ្ងរកម្រិតណាសម្រាប់ក្រុមគ្រួសានេះ។ ខ្ញុំដឹងថា ពួកគេកំពុងតែស្វែងរកជំនួយមកពីព្រះអម្ចាស់ ដើម្បីឲ្យទ្រង់ជួយសម្រាលទុក្ខរបស់ពួកគេ។ នៅខណៈពេលនោះ ម្តាយរបស់ម៉ាទីបានធ្វើការសង្កេតមើល ដ៏មានតម្លៃយ៉ាងខ្លាំង ចំពោះអ្នកដែលកំពុងឆ្លងកាត់ជ្រលងជីវិត។ ពេលអ្នកស្រី រ៉ូណាកំពុងធ្លាក់ទឹកចិត្ត គាត់បានអានព្រះគម្ពីរ ២កូរិនថូស ១:៩ ដែលចែងថា “មិនឲ្យយើងខ្ញុំទុកចិត្តដល់ខ្លួនឡើយ គឺឲ្យទុកចិត្តដល់ព្រះដែលទ្រង់ប្រោសឲ្យមនុស្សស្លាប់បានរស់ឡើងនោះវិញ”។ នាងមានអារម្មណ៍ថា ព្រះយេស៊ូវហាក់ដូចជា កំពុងមានបន្ទូលមកនាងថា “រ៉ូណាអើយ! បិតាដឹងថាដំណើរជីវិតរបស់កូនលំបាក់ណាស់ទៅហើយ ហើយកូនក៏រសាយចិត្តផង។ ចូរកុំឲ្យខ្មាសអៀន ចំពោះការខ្សោះល្វើយនោះឡើយ។ ផ្ទុយទៅវិញ ចូរកូនដឹងថា នេះជាឱកាសមួយសម្រាប់ឲ្យបិតា មើលថែជីវិតរបស់កូន”។
នៅពេលណាដំណើរជីវិតរបស់យើងជួបឧបសគ្គ ពិបាកឆ្ពោះទៅមុខទៀត បទគម្ពីរ ២កូរិនថូស ១:៩ បានរំឭកយើងថា យើងមិនធ្វើដំណើរតែម្នាក់ឯងទេ។ យើងមានព្រះមួយអង្គចាំជួយយើងជានិច្ច ទ្រង់មានប្ញទា្ធនុភាពរស់ពីសុគតឡើងវិញ ហើយទ្រង់បង្ហាញប្ញទ្ធានុភាពរបស់ទ្រង់ម្តងទៀត ពេលទ្រង់ប្រោសអ្នកជឿដ៏ជាទីស្រឡាញ់គ្រប់ជំនាន់ ឲ្យទទួលជីវិតអស់កល្បជានិច្ច។ អ្នកស្រីរ៉ូណាមានប្រសាសន៍ថា “កម្លាំងនិងក្តីសង្ឃឹមរបស់ខ្ញុំ គឺបានទទួលមកពីព្រះគ្រីស្ទតែមួយគត់”។ នេះគឺជាការពិតដែលយើងត្រូវតែដឹង ពេលណាយើងធ្វើដំណើរតាមផែនការណ៍ ដែលព្រះអម្ចាស់ប្រទានមកយើង។_Dave Brannon
ចូរត្រៀមខ្លួន
មានពេលមួយ កូនស្រីរបស់ខ្ញុំ គឺមេលីស្សា(Melisa)កំពុងជាប់រវល់ ត្រៀមខ្លួនសម្រាប់ភាពពេញវ័យ គឺមិនខុសពីមិត្តភ័ក្ររបស់នាងឡើយ។ នៅសាលារៀន នាងបានប្រុងប្រៀបខ្លួនដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ដោយជ្រើសរើសមុខវិជ្ជាឲ្យបានត្រឹមត្រូវ ហើយបានចុះឈ្មោះប្រលង ដើម្បីចូលរៀននៅសកលវិទ្យាល័យACT។ នៅក្រៅថ្នាក់រៀន មេលីស្សាកំពុងរៀនជំនាញខាង សង្គម ដើម្បីឲ្យនាងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយចំណាយពេលជាមួយមិត្តភ័ក្រ មិត្តរួមថ្នាក់ និងមិត្តរួមក្រុមជាដើម។ នៅកន្លែងធ្វើការវិញ នាងកំពុងរៀនជំនាញទំនាក់ទំនង ដែលនាងចាំបាច់ត្រូវចេះ សម្រាប់ធ្វើការងារពេលអនាគត។ ចំណែកនៅផ្ទះវិញ មេលីស្សាកំពុងត្រៀមខ្លួនសម្រាប់ជីវិតគ្រួសារពេលអនាគត ដោយដកពិសោធអំពីរបៀបដែលគ្រួសារគ្រីស្ទបរិស័ទមានទំនាក់ទំនងនឹងគ្នា។
ការត្រៀមខ្លួនសម្រាប់ការរស់នៅ ជាមនុស្សពេញវ័យ តម្រូវឲ្យមានការខិតខំធ្វើកិច្ចការ ហើយមេលីស្សាក៏កំពុងតែមានការរីកចម្រើនយ៉ាងប្រសើរ ក្នុងការត្រៀមខ្លួននេះ។ ប៉ុន្តែ មានពេលមួយ ការត្រៀមខ្លួនទាំងប៉ុន្មានខាងលើ មិនមែនជាអ្វីដែលនាងត្រូវការឡើយ។ ព្រោះនៅឆ្នាំ ២០០២ ពេលដែលនាងបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់រថយន្ត ក្នុងវ័យ១៧ឆ្នាំ មានតែការត្រៀមខ្លួនចូលនគរស្ថានសួគ៌ប៉ុណ្ណោះ ដែលជាការត្រៀមខ្លួនដ៏សំខាន់ចំពោះនាង។ ពេលដែលការប្រលងដ៏ពិត អំពីការត្រៀមខ្លួនបានមកដល់ភ្លាមៗ នៅពេលល្ងាចថ្ងៃមួយ ក្នុងខែមិថុនាដ៏ស្រស់បំព្រង គឺនៅពេលដែលទ្វារស្ថានសួគ៌បានបើកចំហរសម្រាប់មេលីស្សា នាងមានការត្រៀមខ្លួនរួចជាស្រេចហើយ។ នាងបានទទួលជឿព្រះយេស៊ូវ ហើយបានជឿថា ការលះបង់ព្រះជន្មនៃព្រះយេស៊ូវ នៅលើឈើឆ្កាងបានលោះបាបរបស់នាងហើយ(យ៉ូហាន ៣:១៦ រ៉ូម ៥:៨-៩)។
ពេលមេលីស្សាជួបការល្បងលរនៅទីបំផុត ដើម្បីបញ្ជាក់ពីការត្រៀមខ្លួន នោះនាងមានការត្រៀមខ្លួនរួចជាស្រេចហើយ។ ចុះចំណែកអ្នកវិញ?-Dave Branon
ជីវប្រវត្តិរបស់អ្នក
ខណៈពេលដែលខ្ញុំកំពុងស្វែងរកវិធីសាស្រ្តដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីបង្រៀនសិស្ស នៅក្នុងមុខវិជ្ជាជំនាញសរសេរកម្រឹតមហាវិទ្យាល័យ អំពីទ្រឹស្តីនៃការសរសេរជីវប្រវត្តិសង្ខេប ខ្ញុំក៏មានយោបលមួយ គឺឲ្យពួកគេសរសេរជីវប្រវត្តិក្នុងរយៈពេល៦សប្តាហ៍។ ពេលខ្ញុំឲ្យពួកគេធ្វើកិច្ចការមួយនេះ អ្នកស្រីអឺនែស ហ៊ែមីងវេយ(Ernest Memingway) ដែលជាអ្នកទទួលជ័យលាភីនៃការប្រកួតភូលីហ្ស័រ(Pulitzer) បានសរសេរជីវប្រវត្តិដ៏កំសត់មួយ ដោយគ្រាន់តែសរសេរពាក្យប៉ុន្មានម៉ាត់ប៉ុណ្ណោះថា “មានលក់ ស្បែកជើងកូនងែតដែលគេមិនទាន់ប្រើ”។ សូមស្រម៉ៃអំពីរឿងកំ សត់មួយ ដែលនៅពីខាងក្រោយពាក្យទាំងដប់ម៉ាត់នេះចុះ។
ពេលដែលខ្ញុំគិតអំពីអត្ថន័យនៃរឿងនេះ ខ្ញុំក៏ចង់ដឹងថា តើក្នុងព្រះគម្ពីរ មានជីវប្រវត្តិសង្ខេបណាមួយ ដែលត្រូវបានគេសរសេរដោយពាក្យតែដប់ម៉ាត់ដូចនេះដែរឬទេ។ ក្រោយមក ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលខ្ញុំ រកឃើញថា នៅក្នុងព្រះគម្ពីរ មានវីរបុរសជាច្រើន ត្រូវបានគេលើកមករៀបរាប់តាមរបៀបនេះផងដែរ។ ឧទាហរណ៍ ព្រះបានមានបន្ទូលថា ដាវីឌគឺជា “អ្នកដែលធ្វើតាមចិត្តទ្រង់គ្រប់ជំពូក”(១សាំយ៉ូ-អែល ១៣:១៤ កិច្ចការ ១៣:២២)។ សាវ័ប៉ុលក៏បានពិពណ៌នាអំពីខ្លួនឯងថា “ប៉ុលខ្ញុំ ជាសាវ័ករបស់ផងព្រះយេស៊ូវគ្រីស្ទ”(អេភេសូ ១:១)។ ម្យ៉ាងទៀត គាត់ក៏បានបកស្រាយអំពីលោកធីម៉ូ-ថេថា “អ្នកធីម៉ូថេ ជាកូនពិតក្នុងសេចក្តីជំនឿ”(១ធីម៉ូថេ ១:២)។ ហើយក៏សូមពិចារណ៍អំពីពាក្យពិពណ៌នាអំពីនាងម៉ារាថា “នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១”(ម៉ាថាយ ១:២៣) និងអំពីព្រះយេស៊ូវថា “ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា”(យ៉ូហាន ១:១៤)។
ពេលយើងបានដឹងថាមានការបកស្រាយអំពីមនុស្សនៃសេចក្តីជំនឿ ដោយប្រើពាក្យដ៏ខ្លីដូចនេះ យើងគួរតែឆ្ងល់ផងដែរថា បើគេពិពណ៌នាអំពីខ្ញុំ ដោយប្រើពាក្យប្រហែលដប់ម៉ាត់ តើគេនឹងនិយាយថាដូចម្តេចខ្លះ? តើគេនឹងនិយាយពាក្យវិជ្ជមាន…
ចូរបញ្ចេញពន្លឺឡើង
ខ្ញុំសូមនិយាយដោយមិនលាក់លាមថា ខ្ញុំមិនចង់ទៅទិញឥវ៉ាន់នៅក្នុងហាងនោះទៀតទេ។ កាលពី៤សប្តាហ៍មុន ខ្ញុំនឹងភរិយារបស់ខ្ញុំ បានព្យាយាមឲ្យអ្នកលក់សងប្រាក់មកវិញ ចំពោះទូទឹកកកដ៏អាក្រក់មួយគ្រឿង ដែលយើងបាន ទិញ។ ពេលខ្ញុំនិយាយទៅកាន់អ្នកគ្រប់គ្រងផ្នែកលក់ម្តងទៀត យើងហាក់ដូចជាកំពុងតែធ្វើដំណើរ តាមផ្លូវទាល់មួយ។ ពេលដែលយើងកំពុងជជែកគ្នា ខ្ញុំចង់ដឹង ថាតើយើងអាចដកប្រាក់នោះមកវិញឬទេ ប៉ុន្តែ ខ្ញុំក៏បានព្យាយាមមានចិត្តសណ្តោសចំពោះគេផងដែរ។
មានពេលមួយ អ្នកគ្រប់គ្រងក៏បានប្រាប់ខ្ញុំថា “ឥឡូវនេះ តាមធម្មតា អតិថិជនបានមកស្រែកឡូឡា ដាក់ខ្ញុំ តែអ្នកមានចិត្តអត់ធ្មត់ណាស់”។ បន្ទាប់មក គាត់ក៏និយាយថា “សូមយើងដោះស្រាយ តាមមធ្យោបាយផ្សេងវិញ”។ គាត់ក៏បានសួរខ្ញុំនូវសំណួរខ្លះៗ ហើយក៏បានវាយលេខមួយចំនួន ចូលទៅក្នុងម៉ាស៊ីនកត់បញ្ជីប្រាក់។ បន្ទាប់ពីយើងបានរង់ចាំយូរបន្តិច ហើយបានស្តាប់គាត់ប្រាប់អំពីអតិថិជនដែលក្រេវក្រោធខ្លាំង ម៉ាស៊ីននោះក៏បានបញ្ចេញវិក័យប័ត្រមកខាងក្រៅ ដោយបង្ហាញថា យើងអាចដកប្រាក់មកវិញបាន។ បទពិសោធន៍ដ៏អាក្រក់ដែលយើងមាននៅក្នុងការទិញឧបករណ៍ប្រើប្រាស់ ក៏បានកន្លងផុតទៅ។ ពេលយើងកំពុងលាគ្នា គាត់ក៏ប្រាប់ថា “សូមអរគុណ ដែលបានធ្វើឲ្យយើងស្រួលធ្វើការជាមួយ”។
ការដែលខ្ញុំគិតថា ខ្លួនត្រូវមានអាកប្បកិរិយ៉ាល្អ ពេលដែលខ្ញុំមិនមានអារម្មណ៍ ល្អ បានជួយសម្រួលដំណើរការនៃការដកប្រាក់មកវិញ តែយើងបានបង្ហាញចេញនូវចិត្តសណ្តោសចំពោះអ្នកដទៃ មិនមែនដើម្បីឲ្យអាចដកប្រាក់មកវិញឡើយ។ តាមពិត មូលហេតុ គឺដោយសារក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងត្រូវតែបញ្ចេញនូវពន្លឺនៃព្រះយេស៊ូវ(អេភេសូ ៥:៨) ដល់មនុស្សគ្រប់គ្នា ទោះបីជាពួកគេជាអ្នកជិតខាងដែលឆេវឆាវ ឬជាអ្នករត់តុ ដែលខ្វះការគួរសម ឬជាអ្នកគ្រប់គ្រងហាងលក់ទំនិញនៅផ្សាទំនើបក៏ដោយ។ ពាក្យសម្តី និងអាកប្បកិរិយ៉ារបស់យើង…
តើអ្នកកំពុងត្រូវបានរុញច្រានឲ្យដួលឬ?
ដោយសារខ្ញុំបានសរសេរអត្ថបទជាច្រើន និងនិពន្ធសៀវភៅមួយក្បាល ដែលសុទ្ធតែនិយាយអំពីការបាត់បង់ក្នុងជីវិតមនុស្ស នោះខ្ញុំមានអភ័យឯកសិទ្ធិ នៅពេលគេបានណៃនាំខ្ញុំ ឲ្យបានស្គាល់មនុស្សជាច្រើន ដែលកំពុងជួបការលំបាក នៅក្នុងដំណើរជីវិត។
ក្នុងចំណោមមិត្តភ័ក្ររបស់ខ្ញុំ មានស្រ្តីម្នាក់ គឺជាម្តាយដែលកូនស្រីរបស់ខ្លួន បានបាត់បង់ជីវិតក្នុងវ័យ២១ឆ្នាំ នៅឆ្នាំ២០០៩ ជាហេតុបណ្តាលឲ្យគាត់មានទុក្ខជាទម្ងន់។ គាត់បាននិយាយប្រាប់ខ្ញុំថា “ខ្ញុំមានអារម្មណ៍ថា ពិភពលោកទាំងមូលបានបដិសេធខ្ញុំហើយ។ ខ្ញុំមានអារម្មណ៍ពិបាកចិត្តខ្លាំងណាស់ ហើយវិញ្ញាណខ្ញុំមានការឈឺចាប់ជាពន់ពេក”។
ជាការពិតណាស់ ការបាត់បង់ទាំងនោះ បានចូលមករកយើង ហើយបានវាយប្រហារយើង ធ្វើឲ្យដួលចុះ ទោះការបាត់បង់នោះ ជាការស្លាប់របស់សមាជិកគ្រួសារ ឬជាការដែលកូនបែកចេញឆ្ងាយពីព្រះឬពីគ្រួសារ ឬក៏ជាការអន់ថយផ្នែករូបកាយ ឬផ្លូវចិត្តក៏ដោយ។
ប៉ុន្តែ ខ្ញុំបានរកឃើញចម្លើយសម្រាប់ការឈឺចាប់នេះ នៅក្នុងបទគម្ពីរ ដែលតន្ត្រីករ ឈ្មោះ យេរេមី ខែម(Jeremy Camp) បានបកស្រាយយ៉ាងច្បាស់ នៅក្នុងបទចម្រៀងមួយបទ បន្ទាប់ពីភរិយារបស់គាត់បានលាចាកលោកនៅឆ្នាំ២០០១ ថា : ពេលអ្នកត្រូវរុញច្រាន ដោយទុក្ខលំបាកក្នុងជីវិត សូមចាំថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ទំនុកតម្កើង ៤៦:១)។
បទគម្ពីរនេះបានផ្តល់នូវហេតុផលល្មមនឹងឲ្យយើងក្រោកឈរឡើងវិញ។ លោកខែមបានបកស្រាយអំពីទុក្ខលំបាករបស់ខ្លួន នៅក្នុងបទចម្រៀងមួយបទ ដែលមានចំណងជើងថា “ការយល់”។ ក្នុងបទនេះ គាត់បានសួរថា “ហេតុអ្វីបានជាខ្ញុំមិនក្រោកឈរឡើងវិញ?” ហើយគាត់ក៏ទទួលស្គាល់ថា គាត់អាចក្រោកឈរបាន ព្រោះ“ទូលបង្គំដឹងថា…
ផែនការណ៍ព្រះ មិនមែនផែនការណ៍យើង
ពួកអ៊ីស្រាអែល និងពួកភីលីស្ទីនសុទ្ធតែមានការយល់ច្រឡំ អំពីហិបសញ្ញា(គឺហិបក្នុងរោងឧបោសថ ដែលជាតំណាងឲ្យបល្ល័ង្កព្រះ)។ បន្ទាប់ពីពួកអ៊ីស្រាអែលបានទទួលបរាជ័យ នៅក្នុងចម្បាំងជាមួយពួកភីលីស្ទីន ពួកគេក៏បានចាត់អ្នកនាំសារម្នាក់ ឲ្យទៅក្រុងស៊ីឡូរ ដើម្បីសុំឲ្យគេសែងហិបសញ្ញា មកអេបើន-អេស៊ើរ ដែលជាកន្លែងបោះជំរុំទ័ពរបស់ពួកគេ។
ពេលដែលគេសែងហិបសញ្ញាមកដល់ ពួកអ៊ីស្រាអែលក៏បាននាំគ្នាស្រែកឡើងយ៉ាងរំពង បានជាពួកខ្មាំងសត្រូវក៏បានស្តាប់ឮ ពីតំបន់អាផែក។ ការមកដល់នៃហិបសញ្ញា បានធ្វើឲ្យពួកភីលីស្ទីនមានការភ័យខ្លាច ហើយពួកអ៊ីស្រាអែលក៏មានចិត្តក្លាហានឡើង។
ពួកគេសុទ្ធតែមានការយល់ខុសអំពីហិបសញ្ញា។ ពួកអ៊ីស្រាអែលបានយកហិបសញ្ញាចូលក្នុងសមរភូមិ ហើយក៏បានចាញ់ពួកភីលីស្ទីនយ៉ាងធ្ងន់ធ្ងរ ហើយពួកភីលីស្ទីនក៏ ដណ្តើមយកហិបសញ្ញាទៅបាត់ ដែលនោះជាការប្រព្រឹត្តខុសមួយទៀត ក្នុងសម័យសង្រ្គាមនោះ។ ពួកភីលីស្ទីនក៏មានជម្ងឺ ហើយរូបព្រះក្លែងក្លាយរបស់ពួកគេក៏ត្រូវបានបំផ្លាញ។
យើងអាចយល់អំពីកំហុសដែលពួកភីលីស្ទីនមាន នៅក្នុងការដណ្តើមយកហិបសញ្ញា ព្រោះពួកគេជាពួកថ្វាយបង្គំរូបព្រះ។ ប៉ុន្តែ ពួកអ៊ីស្រាអែលគួរតែមានការយល់ដឹងច្បាស់ជាង តែបែរជាបានប្រើហិបសញ្ញា ដោយមិនបានប្រឹក្សាជាមួយព្រះជាមុន។ ពួកអ៊ីស្រាអែលបានដឹងថា កាលពីសម័យមុន គេបានសែងហិបសញ្ញាចូលក្នុងសមរភូមិ(យ៉ូស្វែ ៦) តែពួកគេមិនបានយល់ទេថា ពួកអ៊ីស្រាអែលអាចដណ្តើមយកក្រុងយេរីខូបាន ដោយសារតែផែនការណ៍របស់ព្រះ គឺមិនមែនដោយសារហិបសញ្ញានោះទេ។
ទោះបីជាយើងមានធនធានច្រើនប៉ុណ្ណាក៏ដោយ ក៏យើងនៅតែទទួលបរាជ័យដដែល បើសិនជាយើងមិនបានប្រើវាតាមផែនការណ៍របស់ព្រះទេនោះ។ សូមយើងសិក្សាព្រះបន្ទូលព្រះ អធិស្ឋានសូមឲ្យទ្រង់បង្ហាញផ្លូវ ហើយមានការជឿជាក់លើការដឹកនាំរបស់ទ្រង់(ទំនុកតម្កើង ៩១:២) មុនពេលយើងបោះជំហានចេញ ទៅឆ្លងកាត់ការលំបាកដោយជំនឿ។-Dave Branon
លាក់ខ្លួននៅក្នុងថ្មដា
នេះជារឿងដែលដំណាលអំពីលោកគ្រូអធិប្បាយ វ័យក្មេងម្នាក់ ឈ្មោះ អ័គូស្ទូស ថូផ្លាឌី(Augustus Toplady)។ ពេលគាត់កំពុងដើរកម្សាន្ត នៅទីជនបទនៃប្រទេសអង់គ្លេស ស្រាប់តែមានព្យុះភ្លៀងមួយបានបក់បោកកាត់តាមទីវាលនោះ។ លោកថូផ្លាឌីក៏បានក្រឡេចទៅឃើញផ្ទាំងថ្មធំៗត្រៀបត្រា ហើយមានច្រកចូលមួយ ដែលជាជ្រលង ហើយគាត់ក៏បានចូលទៅជ្រកនៅក្នុងនោះ រហូតដល់ពេលដែលខ្យល់ព្យុះបានស្ងប់។ ពេលគាត់កំពុងអង្គុយជ្រក ក្នុងពេលមានព្យុះភ្លៀងនោះ គាត់ក៏បាន ជញ្ជឹងគិត អំពីទំនាក់ទំនងរវាងទីជម្រកនេះ នឹងជំនួយរបស់ព្រះនៅពេលជីវិតជួបព្យុះភ្លៀង។ គាត់គ្មានក្រដាស់សរសេរទេ តែគាត់ឃើញក្រដាស់បៀមួយសន្លឹក នៅលើដី នៅក្នុងកន្លែងដែលមានសណ្ឋានដូចរូងភ្នំនោះ ហើយក៏ចាប់ផ្តើម និពន្ធទំនុកបរិសុទ្ធមួយបទ ដែលមានចំណងជើងថា “ថ្មដាដ៏ស្ថិតស្ថេរ”។
ទំនុកបរិសុទ្ធនេះ ត្រូវបាននិពន្ធនៅក្នុងថ្ងៃដែលមានព្យុះភ្លៀងនោះ ក្នុងឆ្នាំ១៧៧៥ ហើយទំនុកបរិសុទ្ធនេះ បានក្លាយជាប្រភពនៃកម្លាំងសម្រាប់គ្រីស្ទបរិស័ទ ចាប់តាំងពីពេលនោះមក។
ឱថ្មដាដ៏ស្ថិតស្ថេរ ជាជ្រលងសម្រាប់ខ្ញុំ
សូមឲ្យទូលបង្គំបានជ្រកនៅក្នុងទ្រង់
សូមឲ្យទឹក នឹងព្រះលោហិត
ដែលហូរចេញពីជំហៀងទ្រង់
សម្អាតអំពើបាបទូលបង្គំ
ឲ្យរួចពីសេចក្តីក្រោធ ហើយសូមជួយឲ្យទូលបង្គំបានបរិសុទ្ធ។
សូមពិចារណាអំពីការតស៊ូរបស់អ្នក។ តើអ្នកត្រូវការកន្លែងពួនទេ? តើអ្នកត្រូវការជម្រករបស់នរណាម្នាក់ ពេលអ្នកទទួលការវាយប្រហារក្នុងជីវិតទេ? តើអ្នកត្រូវការការធានាថា អ្នកនឹងបានទទួលការអត់ទោសបាបឬទេ? តាមបទពិសោធន៍របស់លោលថូផ្លាឌី យើងអាចរកបានទីជម្រក និងការធានាពីព្រះ។ ចូរកុំឈរនៅក្នុងព្យុះនៃជីវិតតែម្នាក់ឯងឡើយ។ ចូរស្វែងរកទីជ្រកកោនរបស់ព្រះ។ ចូរសូមឲ្យទ្រង់ការពារអ្នក។ ចូរប្រាដកថា អ្នកបានទទួលការអត់ទោសពីទ្រង់ហើយ។ ចូរចូលទៅក្បែរថ្មដាដ៏ស្ថិតស្ថេរ ដែលជាកន្លែងមានសុវត្ថិភាពបំផុតសម្រាប់ជីវិត។-Dave Branon